វគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់ប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក»
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់ ប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក» ជូនគ្រូបង្រៀន នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក របស់ក្រសួង និងការប្រើប្រាស់មាតិកាឌីជីថល ជំនួយការបង្រៀន និងរៀន។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដែលគាំទ្រដោយគម្រោងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់ការអប់រំនៅកម្ពុជា ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។
វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើការប្រើប្រាស់ប្រព័ន្ធសិក្សាតាមអនឡាញ និងប្រើប្រាស់បណ្ណាល័យឌីជីថល។ កិច្ចព្រមព្រៀងនេះបានអនុវត្តសកម្មភាពចំនួន០៣ សំខាន់គឺ ១-ការរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យអប់រំ ដែលបម្រើការផ្ទុកប្រព័ន្ធ ព័ត៌មានវិទ្យា ប្រព័ន្ធទិន្នន័យ ប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក និងគេហទំព័រធនធានអប់រំ បំប៉នសមត្ថភាពមន្ត្រីជំនាញ ICT លើការគ្រប់គ្រង និងដំណើរការ មជ្ឈមណ្ឌលទិន្នន័យអប់រំ។ ២-ការអភិវឌ្ឍសៀភៅគោល ICT ថ្នាក់ទី១០ និងការបណ្ដុះបណ្តាលដល់លោកគ្រូ អ្នកគ្រូ ជាគ្រូឧទ្ទេសនៅ តាមគ្រឹះស្ថានសិក្សាគោលដៅនានា។ ៣-អភិវឌ្ឍឯកសារសម្ភារៈឧបទេសឌីជីថលជំនួយដល់ការប្រឡងថ្នាក់ជាតិ ការបង្រៀន លើ៥មុខវិជ្ជា ប្រវត្តិវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ស្របតាមកម្មវិធីសិក្សារបស់ក្រសួង។
២២ ឧសភា ២០២៣ | ខេត្តកំពង់ចាម




Comments